Monday 27 June 2011

កំណាព្យលោកតាក្រំងុយ


កុំខ្ជិលកុំល្ងង់ពេក            ខំរៀនលេខរៀនអក្ខរា
រៀនគ្រប់សព្វធម៌អាថ៌        ប្រាជ្ញាផ្សំនឹងគំនិត​   ។
កំណើតកើតជាមនុស្ស       មើលឲ្យធ្លុះទោះឆ្ងាយជិត
ចេះស្ទាត់ប្រាកដពិត           គិតការអ្វីបានគ្រប់យ៉ាយ   ។
មនុស្សល្ងង់មិនផ្អើលភ្ញាក់       ដូចភ្នែកខ្វាក់ទាំងសង្ខាង
មានរូបគ្មានអ្វីអាង               សាងទាបថោកកើតកមខ្លៅ  ។
ពូជមនិស្សទោះខ្ពស់ទាប        កើតតាមភាពត្រកូលផៅ
អាក្រក់ល្អសខ្មៅ                កើតកូនចៅដូចដូនតា         ។
កំណាព្យលោកតាក្រំងុយ
ចង់ធំខំពីតូច  បើខ្លាចខូចកុំឆាប់ខឹង
ការធើ្វឲ្យចេះថ្លឹង         កុំប្រឹងជុះតាមដំរី  ។
កុំចង់ខ្ពស់ហូសមេឃ    កុំនពេកអាប់រាសី
ទោះដើរនិយាយស្តី       លៃឲ្យល្មមតែគួរសម  ។
យល់ឆ្ងាយកុំណាយគិត     ទោះយល់ជិតកុំអាលខំ
មិនជាក់មើលឲ្យចំ            ក្រែងច្រំឡំសជាខ្មៅ   ។
ទម្លប់ធំជាងច្បាប់              បើរៀនត្រាបកុំត្រាបខ្លៅ
ត្រាប់ប្រាជ្ញអាចប្រដៅ         ស្តីកូនចៅស្តីឲ្យស្មោះ  ។
កំណាព្យលោកតាក្រំងុយ
កុំឆ្មើងអាងបុណ្យ ស្រដីឲ្យទន់   ពោលពាក្យពីរោះ
ខ្លួនអ្នកនឹងថ្លឹង នឹងឡើងសក្តិយស់  កុំឆ្លៀតនាំឈ្លុះ 
ញុះញង់អ្នកធំ              ។
កុំស្អប់អ្នកតូច    បើឃើញគ្នាខូច  គួរគិតប្រមុំ
ទោសគ្នាតិចតួច  ផ្តួចចឡើងជាធំ   ផ្សេងពូតជាដុំ 
ផ្លុំឆេះជាភ្លើង                 ។
កុំភ្លើនភ្លេចខ្លួន   ចេះសាសន៍ចិនយួន   កុំចោលខ្មែរយើង
កុំធ្វើក្រអើត   កុំពើតកុំពើង     កុំពាក់ស្បែកជើង
ចូលវត្តលោកសង្ឃ           ។
                                                កំណាព្យលោកតាក្រំងុយ
បើចង់ស្រាលខ្លួន ខំរៀនឲ្យមួន   ឲ្យមាំឲ្យស្ទាត់
កុំចេះស្ទាក់ស្ទើរ   ល្ងីល្ងើតបទ  បើចេះប្រាកដ
ប្រាក់រត់តាមហៅ         ។
កុំថ្នមកម្លាំង  កាប់ជីកចូកចាំង​  កុំថារងារក្តៅ
រៀនអ្វីឲ្យឆ្អិន  កុំឲ្យខ្លោចឆៅ  កុំដេកតែខ្លៅ
ក្រក្រៅសណ្តាប់           ។
បើល្ងង់ឲ្យចេះ  រៀនរកតម្រិះ   រិះរកតម្រាប់
ន្រ្ទិយឆ្វេងស្តាំ    កុំចាំគេប្រាប់   រៀនស្តីរៀនស្តាប់
រៀនមើលឲ្យស្តែង           ៕

No comments:

Post a Comment